

Mazda បានរួមសហការជាមួយ Isuzu ដើម្បីផលិតរថយន្ត BT-50 ថ្មីស៊េរី ២០២១ ដែលប្រើគ្រោងឆ្អឹងដូចជា Isuzu D-Max ខុសពី BT-50 ស៊េរីមុនដែលប្រើគ្រោងឆ្អឹងជាមួយគ្នានឹង Ford Ranger។ វាប្រើម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ ដែលមានកម្លាំង ១៨៨សេះ ហើយវាមានសមត្ថភាពសណ្ដោងបានទម្ងន់ ៣៥០០ គីឡូក្រាម និងផ្ទុកបានទម្ងន់ដល់ ១០០០គីឡូក្រាមផងដែរ។
Mazda បានបង្ហាញចេញជាផ្លូវការនូវរថយន្ត BT-50 ស៊េរីឆ្នាំ ២០២១ ដែលប្រើប្រាស់នូវការឌីហ្សាញថ្មី ដែលនៅផ្នែកខាងមុខមានអំពូលភ្លើងដែលមានលក្ខណៈស្រដៀងនឹងរថយន្ត Mazda CX-5 បំពាក់នូវរន្ធខ្យល់រចនាបថថ្មី ដែលមានក្រូម៉េយ៉ាងភ្លឺរលោងផងដែរ។ នៅផ្នែកខាងក្រោយមានការផ្លាស់ប្ដូរបន្តិចបន្តួចឲ្យកាន់តែទាន់សម័យ ដែលខុសពីរថយន្តភីកអាប់ដទៃទៀតឡើយ។
ផ្នែកខាងក្នុងរថយន្ត ឃើញថាមានការផ្លាស់ប្ដូរច្រើន ពោរពេញដោយប្រណីតភាពជាងមុន។ វាមានបំពាក់ដោយចង្កូតដែលមានរចនាបថ មានបីពណ៌ ហើយមានអេក្រង់កម្សាន្តទំហំធំដែលអាចប្រើ Apple CarPlay និង Android Auto ។ ជាមួយមុខងារសុវត្ថិភាពមួយចំនួនដែលមានមកជាមួយរថយន្តស្រាប់ Adaptive Cruise Control, Auto Emergency Braking, Lane Keep Assist, Blind Spot Monitoring និង Rear Cross Traffic Alert ផងដែរ។ រថយន្ត BT-50 ឆ្នាំ ២០២១ នឹងចេញលក់នៅអូស្ត្រាលី នឹងចាប់ផ្ដើមនាចុងឆ្នាំនេះ ៕