

Lamborghini តែងបង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយម៉ូដែលនីមួយៗមានសណ្ឋានមិនខុសគ្នាប៉ុន្មានឡើយ ហេតុនេះធ្វើឲ្យគេពិបាកបែងចែកថាម៉ូដែលណាជាម៉ូដែលណា។ យ៉ាងណាក្ដីគ្រប់ម៉ូដែលរបស់ Lamborghini មានរចនាបថរូបរាងខុសគ្នាបន្តិចបន្តួច ដែលអាចឲ្យគេចំណាំបាន។
១. បើមើលពីមុខ
#មើលចង្កៀងមុខ ៖
ចង្កៀងមុខរបស់ម៉ូដែល Huracan គឺស្ថិតនៅអមនឹងតួខ្លួនរបស់រថយន្ត (មើលទៅដូចភ្នែកលឹប) ចំណែកចង្កៀងរបស់ម៉ូដែល Gallardo និងម៉ូដែល Murcielago មានចិញ្ចើមរាងទូលាយមិនលឹបឡើយ។ ដោយឡែកម៉ូដែល Aventador វិញហាក់ដូចជាការលាយបញ្ចូលគ្នារវាងចង្កៀងម៉ូដែលដទៃទៀត ដោយវាមានរាងស្រដៀងនឹងស្លាប។
#មើលឡូហ្គោ ៖
ម៉ូដែល Aventador និង Huracan មានឡូហ្គោស្ថិតនៅខាងក្រោមជួរខ្សែនៃគម្របខាងមុខរបស់រថយន្ត ខុសប្លែកពី Gallardo និង Murcielago ដែលមានឡូហ្គោស្ថិតនៅលើគម្របរថយន្តផ្ទាល់តែម្ដង។
#មើលរន្ធខ្យល់ផ្នែកចំហៀង ៖
លើម៉ូដែល Huracan មានរន្ធខ្យល់តូចរាងត្រីកោណ ចំណែកម៉ូដែល Murcielago មានរន្ធខ្យល់ធំជាង Huracan បន្តិច។ ចំពោះម៉ូដែល Gallardo មានរន្ធខ្យល់តូចទ្រវែង ហើយម៉ូដែល Aventador មានរន្ធខ្យល់វែងនិងមានទំហំធំ។
២. មើលពីក្រោយ
#បំពង់ស៊ីមាំង ៖
Murcielago និង Aventador មានបំពង់ស៊ីមាំងនៅចំកណ្ដាល ដោយបំពង់ស៊ីមាំងរបស់ Aventador មានរាងដូចរន្ធ HDMI។ យ៉ាងណាក្ដីម៉ូដែល Murcielago ចេញមកក្រោយមានរាងបំពង់ស៊ីមាំងស្រដៀងនឹង Aventador ដែរ។ ចំណែក Huracan និង Gallardo វិញមានបំពង់ស៊ីមាំងនៅផ្នែកចំហៀងទាំងសងខាង ដោយ Gallardo ស្ថិតនៅជាជួររាបស្មើ ចំណែក Huracan មានលក្ខណៈទាល។
#ភ្លើង ៖
ភ្លើងរបស់ Huracan មានរាងស្ដើងស្ថិតនៅលើរន្ធខ្យល់ខាងក្រោយ ចំណែកចង្កៀង Gallardo មានរាងការ៉េស្ថិតនៅលើរន្ធខ្យល់ដែលមានទំហំធំ។ ចំពោះម៉ូដែល Murcielago មានភ្លើងក្រោយដែលមានរាងស្រដៀងនឹងភ្លើងមុខរបស់រថយន្តធម្មតាមួយចំនួន។ ប្រសិនបើឃើញភ្លើងមានរាងដូចអក្សរ “Y“ ហ្នឹងហើយជាម៉ូដែល Aventador ប៉ុន្តែម៉ូដែល Gallardo ដែលចេញមកក្រោយៗក៏មានភ្លើងអក្សរ Y ស្រដៀងគ្នានេះដែរ។
៣. តម្លៃ ៖
ម៉ូដែល Huracan មានតម្លៃត្រឹមប្រមាណ ២៤០ ០០០ ដុល្លារប៉ុណ្ណោះ និងម៉ូដែល Gallardo មានតម្លៃប្រមាណ ១៣៧ ០០០ ដុល្លារ។ ចំណែកម៉ូដែល Aventador អាចថ្លៃដល់ខ្ទង់ ៣៥៦ ០០០ ដុល្លារ និង Murcielago មានតម្លៃប្រមាណ ៤៦ ម៉ឺនដុល្លារឯណោះ៕