

មធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុតដើម្បីធានាថាក្រុមហ៊ុនរបស់អ្នកស្ថិតនៅជួរមុខនៅក្នុងទីផ្សារ គឺត្រូវធានាថាអ្នកបានកំណត់និងជ្រើសរើសយកអតិថិជនគោលដៅដ៏ត្រឹមត្រូវ។ ជារឿយៗ ការធ្វើអាជីវកម្មអាចនឹងមានកំហុសដោយគ្រាន់តែផ្តោតលើមនុស្សដែលចាប់អារម្មណ៍នឹងអាជីវកម្ម ដូចនេះដើម្បីជួយអ្នកឱ្យយល់ច្បាស់ពីរបៀបកំណត់ទីផ្សារគោលដៅឲ្យបានល្អ អ្នកអាចយល់ដឹងពីជំហានទាំង៧ខាងក្រោមនេះ ដែលត្រូវបានប្រើជាទូទៅនៅក្នុងវិស័យជំនួញ៖
១. កំណត់អត្តសញ្ញាណអតិថិជនរបស់អ្នក
ជំហានដំបូងក្នុងការកំណត់ទីផ្សារគោលដៅរបស់អ្នក គឺត្រូវស្វែងយល់ថាតើអ្នកណាអាចជាអតិថិជនគោលដៅពិតប្រាកដរបស់អ្នក និងអ្វីដែលអតិថិជនកំពុងចាប់អារម្មណ៍ រួមជាមួយមូលហេតុដែលពួកគេនៅតែបន្តគាំទ្រអាជីវកម្មរបស់អ្នក។ នៅពេលអ្នកពិនិត្យតួលេខ អ្នកអាចប្រាកដចិត្ដថា អ្នកគួរតែយកចិត្តទុកដាក់ចំពោះអតិថិជនប្រភេទណាដែលអាចបង្កើតប្រាក់ចំណូលសម្រាប់អាជីវកម្មអ្នក និងផលិតផលនិងសេវាកម្មអ្វីដែលពួកគេពេញចិត្ត នេះហើយ នឹងជួយអ្នកឱ្យយល់ពីរបៀបផ្តល់សេវាកម្មដល់អតិថិជននាពេលបច្ចុប្បន្ន។
២. ត្រៀមខ្លួន និងដឹងពីការប្រកួតប្រជែងរបស់អ្នក
អ្នកត្រូវតែឆ្លៀតពេលដើម្បីវិភាគពីដៃគូប្រកួតប្រជែងអោយបានហ្មត់ចត់។ ព្រោះវាជាការរំខានក្នុងការចំណាយពេលច្រើនពីដៃគូប្រកួតប្រជែង ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវដឹងថាតើនរណាខ្លះកំពុងប្រកួតប្រជែងលើអាជីវកម្មរបស់អ្នក? តើក្រុមហ៊ុនណាខ្លះដែលលួចអតិថិជនពីអ្នក? ហើយហេតុអ្វី? ការសួរនិងឆ្លើយសំណួរនេះ នឹងជួយអ្នកឱ្យចង្អុលបង្ហាញពីកន្លែងនិងវិធីដែលអ្នកគួរទាក់ទងអតិថិជនរបស់អ្នក។
៣. ពិនិត្យផលិតផល និងសេវាកម្មឡើងវិញម្តងទៀត
នៅពេលអ្នកស្វែងរកមធ្យោបាយដើម្បីឈានដល់គោលដៅ និងស្វែងយល់ពីវិធីដើម្បីទាក់ទាញអតិថិជនថ្មី វាពិតជាសំខាន់ណាស់ក្នុងការយល់ដឹង និងពិនិត្យឡើងវិញនូវផលិតផលនិងសេវាកម្មរបស់អ្នក។ នោះមានន័យថា អ្នកបានដឹងពីអ្វីដែលអ្នកកំពុងលក់ ក៏ដូចជាដឹងពីអ្វីដែលអតិថិជនរំពឹងថានឹងទទួលបាន។ ស្រដៀងគ្នានេះដែរ អ្នកក៏ត្រូវតែយល់ពីអ្វីដែលនឹងកើតឡើង បន្ទាប់ពីការទិញរបស់អតិថិជនពីក្រុមហ៊ុនរបស់អ្នកដូចជា តើពួកគេសប្បាយចិត្តនឹងផលិតផលទេ? តើពួកគេពេញចិត្ដឬមិនពេញចិត្តនឹងសេវាកម្មអតិថិជនត្រង់ណា? ការដឹងពីកន្លែងដែលក្រុមហ៊ុនរបស់អាចឈរជើងនៅលើទីផ្សារបច្ចុប្បន្ន វានឹងជួយអ្នកក្នុងការកំណត់វិធីធ្វើទីផ្សារឱ្យកាន់តែប្រសើរឡើងដល់អតិថិជនសក្តានុពល។
៤. កំណត់អត្តសញ្ញាណប្រជាសាស្ត្ររបស់អតិថិជន
ជំហាននេះនៅក្នុងដំណើរការទីផ្សារ តម្រូវឲ្យអ្នកឈានដល់ការយល់ដឹងពីព័ត៌មានលម្អិតរបស់អតិថិជនរបស់អ្នក ដោយគិតអំពីកត្តាផ្សេងៗគ្នាដូចជាទីតាំង ភេទ កំរិតអប់រំ កំរិតប្រាក់ចំណូល អាយុ ស្ថានភាពគ្រួសារ រួមនឹងកត្តាផ្សេងៗទៀត។ អ្នកនឹងអាចកំណត់បានច្បាស់នូវប្រភេទអតិថិជនដែលអាចមានទំនោរទៅរកស៊ីជាមួយក្រុមហ៊ុនរបស់អ្នក។
៥. វិភាគចិត្តវិទ្យា
ចិត្តសាស្ត្ររបស់អតិថិជនសក្តានុពលរួមមាន តម្លៃ ឥរិយាបថ បុគ្គលិកលក្ខណៈ ចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ អាកប្បកិរិយា និងរបៀបរស់នៅរបស់មនុស្ស។ ជំហាននេះនឹងធ្វើឲ្យអ្នកអាចកំណត់ពេលវេលា និងវិធីសាស្ដ្រដែលអតិថិជនសក្តានុពលបានប្រើប្រាស់លើសេវាកម្មឬផលិតផលរបស់អ្នក។ បន្ថែមពីនោះ អ្នកក៏អាចដឹងពីវិធីសាស្ដ្រទីផ្សារណា ដែលមានប្រសិទ្ធភាពបំផុតលើមនុស្សម្នាក់ដោយផ្អែកលើមនុស្សម្នាក់ទៀតតាមរយៈការផ្ដោតលើចិត្ដវិទ្យានេះ។ យើងគួរតែប្រើការស្ទង់មតិ ការសាកល្បងគំរូ និងវិធីសាស្ដ្រផ្សេងទៀតក្នុងការស្រាវជ្រាវទីផ្សារនេះ។ ការធ្វើបែបនេះនឹងជួយអ្នកមានការកំណត់មួយយ៉ាងជាក់លាក់ ថាតើក្រុមហ៊ុនរបស់អ្នកមានការប្រកួតប្រជែងដែលល្អបំផុតដែលអ្នកបានជ្រើសរើសឬអត់។
៦. ធ្វើការសម្រេចចិត្ត
ការស្រាវជ្រាវទាំងអស់នឹងមិនអាចជួយអ្នកបានទេ ប្រសិនបើអ្នកមិនចេះប្រើប្រាស់វា។ ជំហានចុងក្រោយក្នុងការស្វែងរកអតិថិជនគោលដៅរបស់អ្នក គឺធ្វើការសម្រេចចិត្តថា តើអ្នកណាដែលអ្នកនឹងឆ្ពោះទៅរកនិងផ្សព្វផ្សាយទៅកាន់ពួកគេ។ ជាមួយនឹងទិន្នន័យ និងការវិភាគល្អបំផុត អ្នកនឹងអាចជ្រើសរើសប្រជាសាស្ត្រណាមួយ ដែលមានភាពត្រឹមត្រូវ និងច្បាស់លាស់ទៅនឹងទីផ្សាររបស់អ្នក។ នៅពេលអ្នកធ្វើការសម្រេចចិត្ត អ្នកត្រូវប្រាកដថាអតិថិជនរបស់អ្នក ក៏អាចមានលទ្ធភាពទិញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនអ្នកបានដែរ។
ជាសរុបមក វាមិនមានរូបមន្តសំងាត់ណាមួយឡើយ ក្នុងការកំណត់គោលដៅទីផ្សាររបស់អ្នកឲ្យបានជោគជ័យ១០០%នោះទេ។ ប៉ុន្ដែ ដោយធ្វើតាមជំហានទាំង៧ខាងលើនេះ អ្នកនឹងអាចប្រើប្រាស់ធនធាន និងពេលវេលារបស់អ្នក ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងមានភាពប្រសើរជាងមុនជាមួយនឹងការអនុវត្ដជាក់ស្ដែង។
ប្រភព៖ Business Zone