

ពីគំនិតទៅជារូបរាងមិនមែនងាយទេ ព្រោះអ្នកមានគំនិតភាគច្រើនតែងតែត្រឡប់ចូលគេងវិញ ដោយពុំបានក្រោកអនុវត្ត។ សម្រាប់មនុស្សភាគច្រើនមានតែគំនិតរកស៊ី តែខ្វះភាពក្លាហាន ខ្លាចរកស៊ីខាត។ ហើយខ្លះទៀតមានតែការស្រមើស្រមៃ ពុំបានសម្រួចគំនិត និង អនុវត្តដើម្បី ធ្វើតេស្តគំនិតរកស៊ីនោះឡើយ។
មុនឈានជើងប្រឡុកក្នុងការរកស៊ីអ្នកគួរតែស្វែងយល់នូវគន្លឹះសំខាន់ៗដែលនាំឲ្យការធ្វើជំនួញនោះទៅកាន់ភាពជោគជ័យ។ កត្តាទាំងបួននេះ ជាជំហានដែលអ្នកចង់រកស៊ីថ្មីថ្មោងមួយចំនួនគួរធ្វើមុនសំរេចចិត្តចេញរកស៊ីជាលើកដំបូង៖
១. ធ្វើផែនការយុទ្ធសាស្ដ្រ ៖ តើអ្នកចង់ឲ្យជំនួញរបស់អ្នកអាចចាប់ផ្តើមនៅពេលណា? ផលិតផល ឬ សេវាកម្មអ្វី? មានអ្វីថ្មីនិងល្អជាងមុន? ចង់ទទួលបានអ្វីខ្លះនៅរយៈពេល ៣ខែ ៦ខែ និង ១ឆ្នាំដំបូង? អ្នកណាជាអតិថិជនគោលដៅរបស់អ្នក? គួរធ្វើទីផ្សារបែបណាដើម្បីឲ្យអតិថិជនទិញផលិតផល ឬសេវាកម្មរបស់អ្នក? អ្នកណាខ្លះអាចចាប់អារម្មណ៍វិនិយោគលើជំនួញអ្នក? បើខ្វះលុយ អ្នកអាចរត់ទៅរកអ្នកណា?
២. រៀនធ្វើទីផ្សារ៖ ក្រោយពីបង្កើតបានផលិតផល ឬ សេវាកម្មដ៏ល្អហើយ ជំនាញសំខាន់ៗសម្រាប់រុញជំនួញឲ្យដើរគឺជំនាញទីផ្សារ និង ជំនាញលក់។ ជំនាញនេះ អ្នកពិបាករកលុយនឹងជួលបុគ្គលិកបន្តិច ពីព្រោះអ្នកជំនាញគេស៊ីថ្លៃ។ បើអ្នកពូកែខាងធ្វើទីផ្សារ អ្នកងាយនឹងទទួលបានអតិថិជន ហើយក៏មិនងាយក្ស័យធនដែរ។ យ៉ាងហោចណាស់ក៏គួរចេះប្រើ Facebook ads, Email Marketing, basic graphic design, និងផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន។
៣. រៀនលក់៖ បើអ្នកបើករកស៊ី តើអ្នកមានអតិថិជនប៉ុន្មានអ្នកនៅក្នុងដៃ? តើអ្នកត្រូវពន្យល់ និង បញ្ចុះបញ្ចូលឲ្យគេទិញយ៉ាងដូចម្តេច? អ្វីជាអត្ថប្រយោជន៍ អ្វីជាចំណុចពិសេស អ្វីជាចំណុចខុសប្លែកពីផលិតផលផ្សេងៗ អ្វីជាអត្ថប្រយោជន៍បន្ថែម…? គួរសរសេរពាក្យពេចន៍ រចនាកាតាឡុក និង ធ្វើបទបង្ហាញរបៀបណាទើបធ្វើឲ្យគេទុកចិត្ត និង ហ៊ានសាកល្បង?
៤. ផ្សព្វផ្សាយឲ្យចំពេល៖ ពេលឈប់សម្រាក មនុស្សមួយចំនួនដើរលេង តែមួយចំនួនទៀតនៅផ្ទះអផ្សុកអង្គុយប្រើ Facebook និងអានព័ត៌មាន។ ហេតុនេះ អ្នកអាចផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅយ៉ាងមានប្រសិទ្ធភាព។ បង្កើតកម្មវិធីសប្បាយៗតាម online សម្រាប់អ្នកអផ្សុក នោះគេនឹងចងចាំផលិតផល ឬ brand របស់អ្នក។
ក្នុងនោះផងដែរ អ្នកត្រូវចាំថា ទ្រព្យដ៏សំខាន់បំផុតរបស់សហគ្រិនដែលនាំឲ្យទទួលបានភាពជោគចជ័យគឺជាសមត្ថភាពក្នុងការប្រឈមមុខជាមួយបញ្ហាភាពរហ័សរហួនក្នុងការធ្វើឲ្យបានមុន ភាពនឹងនរក្នុងការប្រឈមនឹងស្ថានភាពស្លាប់រស់ ទំនុកចិត្ត ភាពស៊ាំផងដែរ ៕