

សម័យកាលកូវីដ១៩ សម្រាប់អ្នកធ្វើការងារនៅផ្ទះ ឬចង់ស្វែងរកប្រាក់ចំណូលបន្ថែម អ្នកអាចមើលអាជីវកម្មតូចៗមួយចំនួន ដែលអ្នកគិតថាអាចធ្វើបាន ប្រសើរជាងនៅផ្ទះអត់មានអ្វីធ្វើ ឬដើម្បីកាត់បន្ថយភាពធុញទ្រាន់ផងដែរ។ វិធីសាស្រ្តទាំងនោះរួមមាន៖
១. លក់ផលិតផលតំណាលចែកចាយ ឬផលិតផលផ្សេងៗ៖ សព្វថ្ងៃយើងដឹងហើយថា បច្ចេកវិទ្យាបានជួយសំរួលដល់មនុស្សជាច្រើន ទាំងការទិញ និងលក់នៅលើប្រព័ន្ធ Online ហើយមនុស្សសព្វថ្ងៃក៏គ្មានពេលដើរផ្សារ ឬទៅទិញផ្ទាល់នៅក្នុងហាងដែរ ។ ដូចនេះអ្នកអាចស្វែងរកផលិតផលផ្សេងៗយកមកលក់ ដែលអ្នកអាចដាក់លក់លើ Facebook ឬ នៅលើវេបសាយដូចជា My Phser , Khmer24 , Phzar,… ដែលជួយដល់ការផ្សព្វផ្សាយលក់របស់អ្នក ។
២. ធ្វើម្ហូបលក់៖ ពិតជាងាយស្រួលសម្រាប់អ្នកដែលចេះច្នៃធ្វើម្ហូប ដែលនៅរដូវកាលនេះ មនុស្សមួយចំនួនអាចនឹងមិនចេញក្រៅទៅផ្សារដូចពីមុន ពួកគេអាចចំណាយលុយទិញម្ហូបដែលទុកបានយូរ ឬទិញម្ហូបតាម Online ដូចជាធ្វើត្រីងៀត ត្រីឆ្អើល គោងៀត ប្រហុក ផ្អាក់ ឆៃពៅផ្អែម ពងទាប្រៃ ជាដើម ។ ចំនុចនេះងាយស្រួលត្រង់ថា អ្នកទិញចង់បានម្ហូបដែលមានអានាម័យ គុណភាព និងរសជាតិឆ្ងាញ់ ដូចនេះអ្នកអាចបង្ហាញពីស្នាដៃរបស់អ្នកនៅលើបណ្តេញសង្គមហ្វេកប៊ុក ធ្វើឲ្យអ្នកទិញជឿទុកចិត្ត ។
៣. រកចំណូលធ្វើជាវីដេអូ តាម Youtube ឬ Facebook ads break ៖ បណ្តេញសង្គមទាំងនោះផ្តល់ចំណូលដល់អ្នក បើសិនវីដេអូរបស់អ្នកមានទស្សនិជនចុចចូលមើលច្រើន ។ ក្នុងរដូវកាលនេះ មានអ្នកមើលវីដេអូលើ online ច្រើនខុសពីធម្មតា ដោយសារពួកគេភាគច្រើននៅតែផ្ទះ មិនសូវចេញក្រៅដូចពីមុន ដូចនេះការធ្វើវីដេអូនៅរដូវកាលនេះ ពិតជាល្អ ដើម្បីបានអ្នកមើលច្រើន ។ ប្រភេទវីដេអូទាំងនោះ អ្នកអាចជ្រើសរើសទៅតាមទេពកោល្យរបស់អ្នក ដូចជាវីដេអូធ្វើម្ហូប ,បង្រៀនមេរៀន , Review គ្រឿងអាទ្បិចតូនិច និងវីដេអូជាច្រើនទៀត ដែលអ្នកគិតថាអាចធ្វើបាន ។