

ផ្តើមពីការដាំដុះបន្លែធម្មជាតិទុកទទួលទាននៅក្នុងគ្រួសារ មានអតិថិជនជាច្រើនបានសុំទិញពីលោក នី ចិត្រា។ ទំនោរនៃការទទួលទានកសិផលធម្មជាតិ បានជំរុញឲ្យកសិកររស់នៅខេត្តពោធិ៍សាត់ នី ចិត្រា ពង្រីកការដាំដុះបន្លែ និងចិញ្ចឹមមាន់បន្ថែម ដែលអាចរកប្រាក់ចំណេញបានចន្លោះពី៥០០ទៅ៦០០ដុល្លារក្នុងមួយខែ។ បើទោះជា លោក ចិត្រា បានពង្រីកអាជីវកម្មរបស់ខ្លួនមួយកម្រិតហើយក៏ពិតមែន តែមិនទាន់បានឆ្លើយនឹងតម្រូវការអតិថិជនរបស់លោកដែលមាននៅខេត្តបាត់ដំបងនិងភ្នំពេញជាដើម។ បុរសវ័យ៣០ឆ្នាំ រូបនេះ កំពុងសិក្សាពីលទ្ធភាពពង្រីកអាជីវកម្មកសិផលធម្មជាតិនេះបន្ថែមទៀត ខណៈតំបន់ដែលរស់នៅប្រឈមនឹងគ្រោះរាំងស្ងួត។
ត្រឹមទំហំដីបណ្តោយ៥០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ដែលក្នុងនោះមានស្រះទឹកទំហំ៣០០ម៉ែត្រការ៉េ លោក នី ចិត្រា មានដាំប៉េងបោះ, ននោង, ត្រឡាច, ល្ពៅ ពោតបារាំង និងបន្លែមួយចំនួនទៀត។ ក្រៅពីបន្លែទាំងនេះ លោក ចិត្រា ក៏បានភ្ញាស់កូនមាន់, ចិញ្ចឹមមាន់ប្រមាណ៣០០ក្បាល ហើយបានទិញត្រីងៀត, ស្ករត្នោត និងផ្លែឈើមួយចំនួនទៀត យកទៅលក់បន្តផងដែរ។ កសិផលសុវត្ថភាពទាំងនេះ បានផ្តល់ប្រាក់ចំណេញដល់លោក ចិត្រា ចន្លោះពី៥០០ទៅ៦០០ដុល្លារក្នុងមួយខែ ដែលអតិថិជនភាគច្រើនជាអ្នករស់នៅក្នុងភូមិឃុំជាមួយនឹងរូបលោក និងមានអតិថិជននៅទីរួមខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ចាម និងភ្នំពេញផងដែរ ដែលបានបញ្ជាទិញយកទៅទទួលទានជាលក្ខណៈគ្រួសារ។
ដកស្រង់ចេញពី ៖thmeythmey.com