

បណ្តោញសង្គមជាច្រើនដូចជា Facebook ជាដើម បានចូលរួមចំណែកជាច្រើនក្នុងពិភពអាជីវកម្ម និងសហគ្រិនភាពនៅប្រទេសកម្ពុជា ដោយសារតែបណ្តាញសង្គមយក្សមួយនេះបានផ្តល់ឱកាសឱ្យមនុស្សគ្រប់ៗគ្នា ម្ចាស់អាជីវកម្មគ្រប់ៗគ្នាមិនថាតូចធំ អាចធ្វើការផ្សព្វផ្សាយលើបណ្តាញរបស់ខ្លួនដោយមិនរើសអើង និងអាចចាប់ផ្តើមការចំណាយតិចតួចបំផុត ដែលអនុញ្ញាតិឱ្យអាជីវកម្មតូចៗ និងមធ្យមអាចមានលទ្ធភាពធ្វើការបង្ហាញខ្លួននៅលើទីផ្សារ និងមានប្រសិទ្ធភាពបំផុត។ ដូចនេះចង់រកស៊ីជោគជ័យអ្នកត្រូវចេះប្រើប្រាស់បណ្តោញសង្គមទាំងនោះឲ្យចំគោលដៅ ចង់រកស៊ីជោគជ័យ មកស្គាល់យុទ្ធសាស្រ្តទាំងអស់នេះរបស់អ្នកលក់អនទ្បាយសព្វថ្ងៃ ៖
១. ជ្រើសរើសផ្តោតលើផលិតផល ឬសេវាកម្មមួយឱ្យច្បាស់៖ អ្នកគួរផ្តោតលើសេវាកម្ម ឬផលិតផលណាដែលអ្នកស្គាល់វាច្បាស់ ឬចំនង់ចំណូលចិត្តរបស់អ្នក ។ កុំព្យាយាមលក់ច្រើនមុខពេក ព្រោះនៅពេលអ្នកបង្ហោះផលិតផលនេះ ផលិតផលនោះ ធ្វើឲ្យអ្នកទិញមិនយល់ច្បាស់ពីអាជីវកម្មរបស់អ្នក ។
២. ជ្រើសរើសផលិតផលដែលមានគុណភាពយកមកលក់៖ វាជាចំនុចពិសេសដែលធ្វើឲ្យអ្នកជឿជាក់ហ៊ានយកផលិតផលលក់ទៅកាន់អតិថិជន ដូច្នេះមុនពេលជ្រើសរើសផលិតផលសម្រាប់លក់អ្នកត្រូវតែមានជំនឿលើវា និងត្រូវហ៊ានអួតពីផលិតផលអ្នកទៅកាន់អតិថិជន ។
៣.ទំនុតចិត្តលក់ចេញពីបេះដូងរបស់អ្នក៖ អ្នកត្រូវកសាងទំនុតចិត្តដល់ភ្ញៀវ ដើម្បីឲ្យពួកគេជឿជាក់លើសេវាកម្ម ឬផលិតផលរបស់អ្នក ។ មានអ្នកលក់ជាច្រើនតែងតែព្យាយាមលក់ ប៉ុន្តែមិនព្យាយាមបង្កើនការជឿទុកចិត្តរបស់ភ្ញៀវទេ ។ អ្នកត្រូវប្រឹក្សាជាមួយភ្ញៀវ និងណែនាំផលិតផលដល់គាត់ អតិថិជននឹងបង់លុយឲ្យយើង ។ ជឿជាក់លើគុណភាពផលិតផលជារឿងសំខាន់បំផុតក្នុងការលក់ ព្រោះបើយើងមិនទុកចិត្តផលិតផលរបស់យើងទេ ភ្ញៀវក៏មិនជឿជាក់លើផលិតផលយើងដែរ។
៤.មានទំនាក់ទំនងល្អគ្រប់អតិថិជន៖ អ្នកត្រូវចាំថា អ្នករកស៊ីគ្រប់គ្នាតែងតែមានបញ្ហាជាមួយអតិថិជន បើទោះបីជាគេមិនទិញ យ៉ាងហោចណាស់ក៏យើងបានណែនាំអំពីផលិតផលរបស់យើងឱ្យភ្ញៀវបានដឹងដែរ ។ ពេលខ្លះ គាត់មិនទិញពីយើង ដោយសារគាត់មិនទាន់ជឿជាក់យើង ឬពេលខ្លះ គាត់មិនទាន់មានតម្រូវការ ឬមួយវិញទៀត គាត់មិនទាន់មានថវិកាគ្រប់គ្រាន់ក៏ថាបានដែរ។ ដូច្នេះ ត្រូវតែនិយាយពាក្យល្អជាមួយភ្ញៀវ ហើយកុំខឹងភ្ញៀវឱ្យសោះ ។
៥.គិតពីអតិថិជន ជាជាងចង់ចំណេញលុយច្រើន៖ លក់ព្រោះតែចង់បានលុយចំណេញច្រើន វាប្រៀបដូចជាអ្នកដេញភ្ញៀវទៅវិញទេ ។ អ្នកត្រូវស្វែងយល់ពីបញ្ហាភ្ញៀវ ស្វែងរកអ្វីដែលភ្ញៀវចង់បាន តែភ្ញៀវយើងសប្បាយចិត្តជាមួយនឹងតម្លៃ ហើយនឹងគុណភាព នោះគេនឹងមកទិញយើងម្តងទៀត ហើយណែនាំអ្នកផ្សេងទៀតមកទិញយើងកាន់តែច្រើន ផងដែរ។
៦. ផ្តល់សេវាកម្មឱ្យល្អ កុំឱ្យភ្ញៀវរង់ចាំយូរ៖ អ្នកលក់ភាគច្រើន ខំប្រឹងប្រម៉ូតលក់ខ្លាំង ប៉ុន្តែនៅពេលភ្ញៀវផ្ញើរលុយទៅឱ្យហើយ បែរជាមិនព្រមផ្ញើរឥវ៉ាន់ឱ្យភ្ញៀវលឿនៗទៅវិញ ចូលចិត្តព្យាយាមពេលភ្ញៀវ ធ្វើបែបនេះ ភ្ញៀវនឹងអស់អារម្មណ៍ចង់ទិញពីយើងមិនខាន។ ពីព្រោះយើងត្រូវដឹងថា ភ្ញៀវពេលណាគាត់សម្រេចចិត្តវេរលុយមកឱ្យយើង គឺគាត់ចង់បានឥវ៉ាន់ពីយើងលឿនៗខ្លាំងណាស់ ដូច្នេះការផ្តល់សេវាកម្មឱ្យភ្ញៀវល្អ គឺជាចំណុចជោគជ័យដ៏ធំមួយផងដែរ ៕