

ការពិតទៅ ការសម្រាកថ្ងៃត្រង់ក្នុងបរិមាណវេលាដ៏សមស្របគឺជាគន្លឹះសំខាន់ក្នុងការធ្វើឲ្យរាងកាយអ្នកកាន់តែស្វាហាប់ សកម្ម និងមានការគិតជ្រះថ្លា ជាងការបណ្ដោយខ្លួនឲ្យទោរទន់ក្នុងភាពហត់នឿយបន្ទាប់ពីធ្វើការពេញមួយព្រឹក។ ការគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យខួរក្បាលចុះខ្សោយយ៉ាងខ្លាំង នឹងជះលទ្ធផលឲ្យមនុស្សមានស្មារតីមិននឹងន ឆាប់ឆេវឆាវ ងាយប្រតិកម្ម និងមានការគិតខ្សោយ។ នៅពេលដែល គេងបានស្កប់ស្កល់ខួរក្បាលនឹងសម្អាតកាកសំណល់ដែលអាក្រក់ចេញពីក្នុងខួរក្បាលដែលផ្ដល់ឲ្យយើងមានអារម្មណ៍ស្រស់ថ្លា គិតបានលឿនជាដើម។ ដោយឡែក បើគេងមិនបានត្រឹមត្រូវវិញ ខួរក្បាលមិនអាចធ្វើការបានល្អនោះទេដែលជាហេតុធ្វើឲ្យខួរក្បាលអ្នកកាន់តែទ្រុឌទ្រោមទៅៗ។
យ៉ាងណាក្ដី ការគេងថ្ងៃមិនមែនល្អសម្រាប់មនុស្សគ្រប់គ្នាទេ ត្បិតការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ការគេងត្រឹម ១០ នាទីគឺជាពេលដែលសមស្រប ខណៈការសិក្សាជាផ្សេងទៀតបានឲ្យដាក់គោលដៅឲ្យសម្រាកយ៉ាងហោចណាស់ ៣០ នាទី។ មែនទែនទៅ រយៈពេលដែលអ្នកគួរដកឃ្លាពីថ្ងៃដែលរវល់នេះ គឺវាអាស្រ័យទៅតាមសុខភាពរាងកាយ និងផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។ ដូច្នេះយើងត្រូវកត់សម្គាល់ពីតម្រូវការរបស់ខ្លួនឯង ថាគួរឆ្លៀតពេលសម្រាកក្នុងរយៈពេលប៉ុណ្ណាឲ្យសមតាមស្ថានភាពសុខភាព ធ្វើឲ្យខ្លួនកាន់តែស្វាហាប់ និងមិនទ្រមក់៕