

បញ្ហាមួយដែលអ្នកមិនសូវចាប់អារម្មណ៍ តែវាតែងកើតមានជាទូទៅ នូវផលរំខាននៃការមានផ្ទៃពោះ នោះគឺ ការហើមប៉ោង កជើង និង ប្រអប់ជើង។ បញ្ហានេះកើតទ្បើងដោយសារតែ ការឈរយូរ ឬអង្គុយយូរ, បរិមាណទឹកភ្លោះកើនទ្បើង, ការរីកធំរបស់ស្បូន ដែលធ្វើឲ្យសង្កត់ដល់របត់ឈាម មិនអាចហូរបានគ្រប់គ្រាន់ដល់ផ្នែកខាងក្រោមនៃរាងកាយ ប៉ុន្តែវាគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ ជារឿងធម្មតាសម្រាប់ស្រ្តីមានផ្ទៃពោះ។
ទោះជាយ៉ាងណា សម្រាប់អាការៈដំបូងនេះ ស្ត្រីមានផ្ទៃពោះ អាចគួរទៅឲ្យគ្រូពេទ្យពិនិត្យ។ យ៉ាងណាមិញមានវីធីដ៏សាមញ្ញ មួយចំនួន អាចជួយអ្នកក្នុងការ កាត់ បន្ថយ នូវការអាការៈ ហើមប៉ោងកជើង និង ប្រអប់ជើងនេះបាន ៖
- កុំសូវអង្គុយយូរ ឬដើរយូរពេក ៖ អ្នកអាចសំរួលខ្លួនថ្នមៗ ដែលអ្នកចូលចិត្តដូចជា គេង ឬទ្រេតខ្លួន ។
- គេងផ្អៀងមកខាងឆ្វេងដៃ ៖ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅ លើសរសៃឈាមធំ។
- ការស្លៀកពាក់ ៖ ពាក់ស្បែកជើង ,ស្រោមជើង ឬ ខោអាវរលុងៗ ។
- ការទទួលទានអាហារ ៖ កុំសូវញ៉ាំអាហារប្រៃពេក ,គួរផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ឲ្យបាន ៨ ទៅ ១០កែវ ក្នុងមួយថ្ងៃ ដើម្បីជួយបញេ្ចញសារធាតុរាវដែលលើស និង ជាតិ សូដ្យូមចេញមកក្រៅ។
- យកជើង ត្រាំក្នុងទឹកអំបិលក្តៅឧណ្ហៗ ៖ វិធីដ៏ស្រួលមួយក្នុងការបំបាត់ការហើមនៅប្រអប់ជើង និងកែងជើង គឺយកជើងត្រាំក្នុងទឹកអំបិលក្តៅឧណ្ហៗ។ ចូរលាយអំបិលកន្លះកូនចានចង្កឹះ ទៅក្នុងទឹកក្តៅឧណ្ហៗ ៣.៧លីត្រ រួចដាក់ជើងត្រាំប្រហែល ១៥នាទី។
- ដាក់ជើង និង ប្រអប់ជើងឲ្យខ្ពស់ ជាងខ្លួន ៖ វិធីនេះក៏អាចជួយអ្នក ក្នុងការកាត់បន្ថយនូវភាពហើមប៉ោង នៅត្រង់កជើង និង ប្រអប់ជើងបានផងដែរ ៕