

មានកត្តាជាច្រើន ដែលធ្វើឲ្យរថយន្តរបស់លោកអ្នក បញ្ឆះរអាក់រអួលដំណើរការមិនស្រួល និងពេលខ្លាំងបញ្ឆះហើយបែបជារលត់ទៅវិញ? ទាក់ទងបញ្ហានេះ វាធ្វើឲ្យរថយន្តរបស់អ្នកកាន់តែ ស៊ីប្រេងខ្លាំងខុសពីធម្មតា និងមានបញ្ហាខូច តាមផ្លូវពេលអ្នកធ្វើដំណើរផ្លូវឆ្ងាយ ។ ដូចនេះ ខេមបូ ដេលីសូមលើកមូលហេតុ ៤យ៉ាងមកបង្ហាញ ដើម្បីជាចំណេះដឹងក្នុងការថែទាំរថយន្តរបស់អ្នក ៖
មូលហេតុទី១ បញ្ហាប៊ូស៊ី
ប៊ូស៊ីមាន តួនាទីសំខាន់ ក្នុងការបញ្ជូនផ្កាភ្លើង ក្នុងការបញ្ឆះម៉ាស៊ីនយានយន្តដែលមិនអាចខ្វះបាន ។ កាលណាប៊ូស៊ីផ្តល់ភ្លើង មិនគ្រប់គ្រាន់ វានឹងធ្វើឲ្យ ម៉ាស៊ីនយានយន្តបញ្ឆះដំណើរការមិនស្រួល និងធ្វើអាចរលត់ទៅវិញ ។ មូលហេតុនេះមកពីប៊ូស៊ីជិតខូច ដោយមានកកកំណកកាបូននៅក្បាលប៊ូស៊ី និងមូលហេតុចំបងមួយទៀត គឺប្រើប្រាស់ប៊ូស៊ីមិនត្រូវលេខនឹងកម្លាំងប្រភេទរថយន្ត ។
មូលហេតុទី២ បញ្ហាស៊ូប៉ាប់បិទមិនជិត
ស៊ូប៉ាប់មានមុខងារផ្តល់ចំហេះម៉ាស៊ីន ហើយកាលណាស៊ូប៉ាប់មានបញ្ហា ឬបិទមិនជិត វាធ្វើឲ្យខ្យល់លេចធ្លាយចេញមកក្រៅធ្វើឲ្យខ្វះខ្យល់ ដែលជាមូលហេតុ ធ្វើឲ្យម៉ាស៊ីនរថយន្ត ដំណើរការមិនស្រួល និងស៊ីប្រេងច្រើន ។
មូលហេតុទី៣ ប៊ិចសាំងទ្បើងកំណក ឬមានស្នឹម
ប៊ិចសាំង មានមុខងារបាញ់បំព្រួសសាំង ដែលដំណើរការជាមួយប៊ូស៊ី ចូលទៅបន្ទប់ចំហេះ បើកាលណាវាទ្បើងកំណក ឬស្នឹម វាធ្វើឲ្យការបាញ់ បំព្រួសសាំងមិនសូវល្អ ពេលខ្លះបាញ់តិច ពេលខ្លះបាញ់ច្រើន ធ្វើឲ្យរថយន្តឆេះមិនស្រួល និងស៊ីប្រេងច្រើន ។
មូលហេតុទី៣ បញ្ហាប្រព័ន្ធភ្លើង
រីឯប្រព័ន្ធភ្លើង ក៏មានមុខងារកាន់តែសំខាន់ណាស់ដែរ ក្នុងការចែកចាយទៅប្រព័ន្ធបញ្ជា ទាំងមូលរបស់យានយន្ត ។ កាលណាភ្លើងមិនគ្រប់គ្រាន់ ឬភ្លើងមិនស្មើគ្នាវាធ្វើ ឲ្យការបញ្ឆាះមិនស្រួល និងរកតែរលត់ ។ បញ្ហានេះអាចបណ្តាមកពីការកែតច្នៃប្រព័ន្ធភ្លើងមិនត្រឹមត្រូវ, ការលេងភ្លើងអំពូល ចង្អៀងរថយន្តខុសបច្ចេកទេស -ល- ។
ដូចច្នោះ អ្នកអាចដឹងពីបញ្ហាខ្លះៗ ពីដំណើរការមិនស្រួលរបស់ម៉ាស៊ីនរថយន្ត ដែលបណ្តាលមកពី មូលហេតុទាំង ៤នេះ ។ រីឯដំណោះស្រាយ លោកអ្នកគួរតែនាំយករថយន្តទៅយានដ្ឋាន ដើម្បីជាងជំនាញត្រួតពិនិត្យ និងធ្វើការជួសជុល ចៀសវាង ទុកចោលយូរធ្វើឲ្យបញ្ហាកាន់តែធំ និងចំណាយពេលវេលា ថិរិកាច្រើន ៕