

នៅរដូវវស្សានេះ ភ្លៀងធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេសធ្វើឲ្យតំបន់ខ្លះមានទឹកជន់ ឬលិចផ្លូវ ។ ការបើករថយន្តក្នុងរដូវវស្សានេះវាជារឿងល្អដែលមិនធ្វើឲ្យអ្នកសើមខ្លួន ឬត្រូវទឹកភ្លៀង ប៉ុន្តែអ្វីជាបញ្ហា គឺតាមដងផ្លូវអាចនឹងលិចទឹក ជាពិសេសពេលបើករថយន្តឆ្លងកាត់ អាចបណ្ដាលឲ្យរថយន្តរលត់ មិនអាចទៅណាបានជាហេតុលោកអ្នកត្រូវចំណាយអស់ថ្លៃស្ទួច និងជួសជុលច្រើនផងដែរ។
ខាងក្រោមនេះជា វិធីមួយចំនួននៅពេលបើកទ្បានក្នុងទឹកជន់តាមដងផ្លូវដែលលិចទឹកម្ដងៗ៖
១. ព្យាយាមរកផ្លូវវាង
វាអាចជាវិធីល្អបំផុតដែលអ្នកស្វែងរកផ្លូវវាងផ្សេង ដែលមិនលិចទឹក ទោះបីជាអ្នកត្រូវបើកបររាងឆ្ងាយក៏ដោយ វាប្រសើរជាងបញ្ចៀសហានិភ័យក្នុងការរលត់រថយន្តនៅក្នុងទឹកជន់ ដែលត្រូវខាតបង់ពេលវេលា និងលុយកាក់។
២. ត្រូវដឹងពីជម្រៅទឹកឲ្យរថយន្តផ្សេងទៅមុន
វាអាចហៅថា សុំផ្លូវគេដើរ ឬការពារហានិភ័យផ្សេងៗ បើសិនជាអ្នកត្រូវតែបន្តដំណើរទៅមុខទៀត អ្នកត្រូវដឹងពីកម្ពស់ទឹកដែលលិចនោះ។ វិធីល្អ គឺអ្នកអាចសង្កេតមើលរថយន្តនៅខាងមុខបានថាតើកម្ពស់ទឹកនោះជ្រៅកម្រិតណា ? ប៉ុន្តែអ្នកក៏ត្រូវដឹងពីប្រភេទរថយន្តនោះ ខ្ពស់ ឬទាបដូចរថយន្តអ្នកដែរ ឬទេ ។
៣. ឲ្យរថយន្តផ្សេងទៅមុន
នេះជារឿងមួយដែលចាំបាច់ផងដែរ ព្រោះថាបើជិះទន្ទឹមគ្នា ទឹកអាចសាចចូលមកក្នុងរថយន្តរបស់យើងបាន ឬក៏វាអាចចូលក្នុងម៉ាស៊ីនពេលរលកទឹក កើនឡើងតាមល្បឿនរថយន្ត ដែលបើកក្បែរយើង។ បើសិនជារថយន្តគេ ជារថយន្តធំទៀត វារឺតតែបង្កបញ្ហាធំជាងមុន ពេលអ្នកបើកបរនៅក្បែរវា។
៤. ព្យាយាមបើកកណ្ដាលទ្រូងផ្លូវ
នៅលើដងផ្លូវ ផ្នែកខាងចិញ្ចើមទាំងសងខាង ភាគច្រើនជាកន្លែងដែលទឹកដក់ជ្រៅ និងជាមាត់លូក៏ថាបាន។ ដូច្នេះ អ្នកបើកបរទាំងឡាយគួរព្យាយាមបើកបរមកកណ្ដាលទ្រូងផ្លូវ ដែលវាលិចទឹកមិនសូវជ្រៅ ឬក៏មិនលិចផងក៏ថាបាន។
៥. កុំបើកលឿនពេក
ការបើកបរក្នុងទឹក ល្បឿនលឿនមិនត្រឹមតែធ្វើឲ្យសាចទឹកដល់អ្នកដំណើរដទៃទេ ប៉ុន្តែវាក៏ធ្វើឲ្យកម្ពស់ទឹកខាងមុខកើនឡើងអាចជ្រាបចូលក្នុងម៉ាស៊ីនរថយន្ត និងធ្វើឲ្យក្រឡាកង់រថយន្តមិនខាំ ស៊ីគ្នានឹងផ្លូវទៀតផង។ បើសិនជាអ្នកជ្រុលបើកលឿន ហើយមានអារម្មណ៍ថាក្រឡាកង់រថយន្តមិនជាប់លើផ្លូវ វិធីល្អនោះគឺកុំជាន់ហ្រ្វាំង ត្រូវដកជើងចេញពីហ៊្គែរ ហើយកាន់ចង្កូតឲ្យត្រង់ សឹមកង់ខាំជាមួយថ្នល់ហើយ ចាំប្រើហ្វ្រាំងវិញ។
៦. កុំឈប់
ថ្វីត្បិតតែអ្នកត្រូវបើកយឺតៗមែន តែមិនមែនមានន័យថាអ្នកត្រូវឈប់នៅក្នុងទឹកជ្រៅនោះទេ។ ការឈប់នៅក្នុងទឹកជ្រៅ អាចធ្វើឲ្យទឹកចូលក្នុងបំពង់ស៊ីម៉ាំងបាន ជាហេតុធ្វើឲ្យម៉ាស៊ីនរលត់ខូច និងអស់ថ្លៃជួសជុលច្រើន។ វិធីល្អបំផុត គឺជើងរបស់អ្នកគួរនៅជាប់ហ៊្គែរ ហើយជាន់តិចៗជានិច្ចដើម្បីឲ្យម៉ាស៊ីនបញ្ចេញផ្សែងតាមបំពង់ស៊ីម៉ាំង រារាំងទឹកមិនឲ្យចូលម៉ាស៊ីន។
៨. ប្រការមិនគួរធ្វើពេលរថយន្តរលត់ក្នុងទឹក
បើសិនជារថយន្តអ្នករលត់នៅក្នុងទឹកនោះ អ្នកមិនត្រូវបើកទ្វារចេញឡើយ ហើយក៏មិនគួរបញ្ឆេះម៉ាស៊ីនរថយន្តឡើងវិញដែរ។ បើសិនជាអ្នកបើកទ្វារ វាអាចឲ្យទឹកខាងក្រៅហូរចូលមកក្នុងរថយន្តពេញទំហឹង ហើយការប្រឹងបញ្ឆេះរថយន្ត ក៏អាចធ្វើឲ្យរថយន្តទាំងមូលខូចប្រព័ន្ធភ្លើង និងម៉ាស៊ីនឈ្លក់ទឹកផងដែរ ដែលពួកវាសុទ្ធតែជាការចំណាយដ៏ច្រើនទាំងអស់។ វិធីដែលល្អគឺតេហៅរកជំនួយ ឬចាំដល់ទឹកស្រកខ្លាំងសឹមចេញក្រៅរថយន្ត និងរកជំនួយ។