

នៅក្នុងវ័យ២០ឆ្នាំឡើងលើ វាជាពេលមួយដែលអ្នកក្លាយជាមនុស្សធំពេញវ័យដែលអាចធ្វើរឿងគ្រប់យ៉ាងបានដោយខ្លួនឯង ហើយវាក៏ជាពេលមួយដែលអ្នកត្រូវតែយកចិត្តទុកដាក់ទៅលើអនាគតរបស់អ្នកផងដែរ។ ថ្វីត្បិតនៅក្នុងវ័យនេះជាវ័យដែលអ្នកត្រូវសប្បាយជាមួយមិត្តភក្ដិ សប្បាយជាមួយជីវិតយុវវ័យ ប៉ុន្ដែអ្នកមិនគួរសប្បាយរហូតភ្លេចគិតដល់អនាគតរបស់អ្នកទេ។ ភាពពេញវ័យមានន័យថាអ្នកអាចគ្រប់គ្រងទៅលើជីវិតរបស់អ្នកបាន និងចេះរៀបចំផែនការជីវិតរបស់អ្នកឲ្យបានល្អ។ ខាងក្រោមនេះជារឿងដែលអ្នកគួរធ្វើមុនពេលដែលអ្នកមានអាយុ៣០ឆ្នាំ៖
១. ចូលរៀននៅមហាវិទ្យាល័យ
នៅពេលដែលអ្នកចូលរៀនមហាវិទ្យាល័យអ្នកនឹងទទួលបានបទពិសោធន៍ជាច្រើនដូចជា បានជួបនូវមិត្តភក្ដិថ្មី ការចេញទៅដើរកំសាន្ដជាមួយសាលា ហើយអ្នកអាចរៀនជំនាញដែលអាចផ្ដល់ការងារល្អដល់អ្នកបាន។ បច្ចុប្បន្នការងារភាគច្រើនគឺត្រូវការសញ្ញាប័ត្រដែលបញ្ចប់មកពីមហាវិទ្យាល័យ បើសិនជាអ្នកមានវានោះអ្នកនឹងទទួលបានឱកាសការងារច្រើនជាងអ្នកផ្សេងទៀត ។
២. ចាប់ផ្ដើមក្នុងការសន្សំសំចៃ
ការសន្សំនៅក្នុងវ័យ២០ឆ្នាំ វាប្រៀបដូចជាអ្នកឆាប់គិតទៅដល់រឿងការចូលនិវត្តន៍។ តែទោះជាយ៉ាងណានៅពេលដែលអ្នកចាប់ផ្ដើមសន្សំកាន់តែឆាប់អ្នកនឹងមានប្រាក់កាន់ច្រើនសម្រាប់ប្រើប្រាស់នៅពេលដែលចាំបាច់ណាមួយ។ ប្រាក់ដែលសន្សំក្នុងវ័យ២០ឆ្នាំរបស់អ្នកស្មើនឹងរាប់លានដងនៃប្រាក់ចូលនិវត្តន៍នៅពេលអ្នកចូលនិវត្តន៍។
៣. បង្កើនការអានឲ្យបានច្រើន
ការអានមានអត្ថប្រយោជន៍ជាច្រើនដូចជាការជម្រុញការស្រមើស្រមៃរបស់អ្នក ធ្វើឲ្យប្រសើឡើងនូវជំនាញទំនាក់ទំនង ធ្វើឲ្យខួរក្បាលកាន់តែដំណើរការល្អ និងជួយឲ្យអ្នករៀនបាននូវអ្វីដែលថ្មី និងបទពិសោធន៍ថ្មីៗ។ បើសិនជាអ្នកមានទម្លាប់ក្នុងការអានសៀវភៅ អ្នកគួរតែធ្វើវាឲ្យបានពេញមួយជីវិតរបស់អ្នកវាជាកាប្រសើរ ។
៤. ទទួលយកការបរាជ័យ
មនុស្សជាច្រើនមិនពេញចិត្តនូវភាពបរាជ័យទេ ពួកគេខ្លាចការបរាជ័យតែអ្នកត្រូវចាំថាអ្នកណាក៏ធ្លាប់បរាជ័យដែរ សំខាន់ខ្លួនយើងរៀនទទួលស្គាល់ហើយយកមេរៀនពីការបរាជ័យទាំងនោះមកកែច្នៃនឹងកែតម្រូវឡើងវិញ ។ នៅពេលបរាជ័យលឿនអ្នកក៏អាចអភិវឌ្ឍនខ្លួនឯងកាន់តែលឿនដែរ។
៥. ធ្វើដំណើរម្នាក់ឯង
ស្ដាប់មើលទៅវាហាក់ដូចជាគួរឲ្យភ័យខ្លាចបន្ដិចនៅពេលដែលអ្នកធ្វើដំណើរម្នាក់ឯង ប៉ុន្ដែអ្នកមិនដឹងទេថាការដើរកំសាន្ដម្នាក់ឯងវាក៏មានអត្ថប្រយោជន៍ដែរដូចជា ជម្រុញអ្នកពីភាពភ័យខ្លាច ស្គាល់មនុស្សថ្មីជាច្រើន ទទួលបានបទពិសោធន៍ថ្មីៗនៅក្នុងជីវិតព្រោះវាជាពេលដែលអ្នកចេញទៅពិភពលោកខាងក្រៅដើម្បីស្វែងយល់ពីអ្វីដែលអ្នកមិនដែលជួប ។
សរុបមក នៅពេលដែលអ្នកចូលវ័យ២០ឆ្នាំអ្នកមិនមែនក្មេងទៀតទេ អ្នកគួរតែរៀនពីសង្គមខាងក្រៅឲ្យបានច្រើនទទួលយកនូវអ្វីដែលថ្មីៗចូលមកក្នុងជីវិតអ្នក រៀនទទួលស្គាល់ការពិតរៀនដោះលែងខ្លួនឯងពីរឿងអតីតកាល ចំណុចដែលបានរៀបរាប់ខាងលើគ្រាន់តែជាចំណុចមួយចំនួនប៉ុណ្ណោះនៅមានចំណុចជាច្រើនទៀតដែលអ្នកត្រូវធ្វើមុនពេលដែលវាហួសពេល៕