

មានរឿងជាច្រើននៅជុំវិញខ្លួនយើង ដែលបានបង្រៀន និងបង្កើតទម្លាប់ដ៏ល្អ ដើម្បីអាចផ្លាស់ប្តូរទិសដៅនៃជីវិតបាន ។ទម្លាប់ជាការចាក់ឬសនៅក្នុងឥរិយាបថគំនិតរបស់មនុស្សគ្រប់ៗគ្នា ទាំងសកម្មភាព សម្តី អត្តចរិត្ត ។
យើងអាចសង្កតមើល ទម្លាប់អ្នកមាន ឬមហាសេដ្ឋី ដែលធ្វើឲ្យពួកគេអាចទទួលបានភាពមានបាន និងភាពជោគជ័យ បូករួមទាំងមានសុខភាពល្អដោយសារទម្លាប់ជាប្រចាំថ្ងៃរបស់ពួកគេនេះឯង។ ទម្លាប់៦យ៉ាងរបស់មហាសេដ្ឋី ដែលអ្នកគួរតែរៀនអនុវត្តតាម វានឹងជួយក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរដោយប្រើពេលក្នុងការហ្វឹកហាត់ ដែលរួមមានដូចខាងក្រោម៖
១. ការជ្រើសរើសញ៉ាំអាហារ ដែលជំនួយដល់ខួរក្បាល
ការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវដែលសម្បូរទៅដោយសារធាតុចិញ្ជឹម វាគឺជាកត្តាជម្រុញមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ការគិត ដែលផ្តល់ថាមពល សុខភាពល្អសម្រាប់ខួរក្បាលនិងរាងកាយរបស់អ្នក។ ហើយកាលណាការគិតរបស់អ្នកបានល្អនោះលទ្ធផលដែលអ្នកនឹងទទួលបានពីកិច្ចការដែលអ្នកធ្វើក៏មានភាពល្អប្រសើរផងដែរ។
២. មានគំនិតវិជ្ជមានជានិច្ច
ការគិតមានឥទ្ធិពលខ្លាំងណាស់ក្នុងជីវិតរបស់យើង ចូលគិតវិជ្ជមានឲ្យបានច្រើនហើយប្រើការគិតតែលើរឿងអ្វីដែលអ្នកចង់ក្លាយទៅជា និងចង់ឲ្យវាកើតមានឡើង ។ ដូច្នេះឈប់គិតពីរឿងអវិជ្ជមាន ឬការស្តីបន្ទោស ព្រោះវានឹងនាំឲ្យជីវិតរបស់យើងជួបតែរឿងអវិជ្ជមានជាក់ជាមិនខាន។
៣. ការធ្វើលំហាត់ប្រាណ
បុគ្គលជោគជ័យភាគច្រើនសុទ្ធតែមានរាងកាយរឹងមាំ និងមានសុខភាពល្អប្រសើរ ។ ការធ្វើលំហាត់ប្រាណជួយឲ្យយើងទទួលបានសុខភាពល្អនិងមានភាពរឹងមាំ ហើយថែមទាំងធ្វើឲ្យខួរក្បាលកាន់តែមានភាពរីផ្លេចទៀតផង។ ដូចនេះការធ្វើលំហាត់ប្រាណជាប្រចាំ គឺមានសារសំខាន់ណាស់ សម្រាប់សុខភាពរាងកាយ និងការគិត។
៤. ទម្លាប់មនុស្សដែលនៅជុំវិញខ្លួន
ទម្លាប់មនុស្សដែលនៅជុំវិញខ្លួនយើង អាចជះឥទ្ធិពលមកកាន់ខ្លួនយើងបាន ពីព្រោះយើងចំណាយពេលវេលាច្រើនជាមួយពួកគេ ដែលជាហេតុនាំសកម្មភាពនិងការគិតរបស់ពួកគេជះឥទ្ធិពលខ្លាំងមកលើយើង។ បើអ្នកជ្រើសរើសអ្នកជោគជ័យមកនៅជិតខ្លួន នោះអ្នកនឹងក្លាយទៅជាមនុស្សជោគជ័យ។ ប៉ុន្តែបើអ្នកជ្រើសរើសមនុស្សដែលគិតតែពីរឿងអវិជ្ជមាន នោះអ្នកនឹងក្លាយទៅជាមនុស្សដែលគិតតែពីរឿងអវិជ្ជមានមិនខាន។
៥. រៀនអ្វីដែលថ្មី រួមទាំងបច្ចេកវិទ្យា
បន្តការរៀននូវអ្វីដែលថ្មី ការអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរនឹងធ្វើឲ្យអ្នកដើរទាន់សម័យកាលនិងមានចំណេះដឹងទូលំទូលាយ។ ហើយវានឹងផ្តល់ឲ្យអ្នកនូវឱកាសជាច្រើនទាំងការបង្កើតទំនាក់ទំនង និង ភាពជោគជ័យលើអាជីពការងារ ឬការរកស៊ីរបស់អ្នក។
៦. ការដើរចេញពីភាពស្ត្រេស
ជាទូទៅយើងម្នាក់ៗសុទ្ធតែមានភាពតានតឹងក្នុងអារម្មណ៍ ឬអាចនិយាយម្យ៉ាងទៀតថាស្ត្រេស។ វាកើតឡើងចំពោះមនុស្សគ្រប់គ្នាមិនថាមនុស្សធម្មតាឬមហាសេដ្ឋីនោះទេ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ដូច្នេះដើម្បីអាចចាកចេញពីភាពស្ត្រេសយើងមានវិធីសាស្ត្រមួយចំនួនដែលរួមមានដូចជា ការធ្វើសមាធិ ដើរកម្សាន្ត ឬស្តាប់តន្ត្រី បូករួមទាំងវិធីសាស្ត្រជាច្រើនទៀត ៕