

មហាសេដ្ឋី Warren Buffet ធ្លាប់បាននិយាយថា “ការអប់រំដែលល្អបំផុតដែលអ្នកអាចទទួលបាននោះគឺ ការវិនិយោគលើខ្លួនឯង ប៉ុន្ដែមិនប្រាកដថា ត្រូវចូលរៀននៅមហាវិទ្យាល័យនោះទេ” ។ សំនួរសួរថា ហេតុអ្វីបានជាបុគ្គលទាំងនេះបោះបង់ការសិក្សានៅក្នុងថ្នាក់ ហើយទទួលបាននូវភាពជោគជ័យយ៉ាងធំធេងបែបនេះ? ចម្លើយ មិនមែនមកពីពួកគេរៀនក្នុងថ្នាក់មិនកើតនោះទេ តែពួកគេដឹងថា តើអ្វីទៅដែលជាគោលដៅ និងចំណង់ចំណូលចិត្តរបស់ខ្លួន? នៅពេលដែលពួកគេបានដឹង ហើយពួកគេបានផ្ដោតយកចិត្តទុកដាក់លើតែគោលដៅរបស់ពួកគេមួយគត់ ពោលគឺរៀនសូត្រ និងសិក្សាតែជំនាញនោះតែប៉ុណ្ណោះ។
លោក Bill Gates បានសម្រេចចិត្តបោះបង់ការសិក្សានៅសាលាHarvard បន្ទាប់ពីរៀនបាន ត្រឹម តែ២ឆ្នាំប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៧៥ ដើម្បីយកពេលមកសិក្សាបង្កើតក្រុមហ៊ុនយក្ស Microsoft។
លោក Mark Zuckerberg បានសម្រេចចិត្តផ្អាកការសិក្សានៅសាលាHarvard ដើម្បីបញ្ចប់គម្រោងរបស់លោកនៅក្នុងឆ្នាំ២០០៤ រហូតបានសម្រេចបង្កើតក្រុមហ៊ុន Facebook ដ៏មានប្រជាប្រិយភាពបំផុត។
លោក Steve Jobs បានសម្រេចចិត្តមិនចូលថ្នាក់រៀនបន្ទាប់ពីលោកបានរៀនត្រឹមតែ១ឆមាស នៅសាលា Reed College នៅក្នុងឆ្នាំ១៩៧២ ពោលគឺនៅអាយុ១៧ឆ្នាំ ដើម្បីសិក្សាពីគម្រោងបង្កើត Apple។
លោក Thomas Edison ត្រូវបានគ្រូបណ្ដេញចេញពីសាលាតាំងពីពេលដែលលោកនៅក្មេងម៉្លេះ តែពេលនេះលោកបានក្លាយជានិមិត្ដរូបនៃការបង្កើតថ្មី។
ដូចច្នោះមិនមែនបុគ្គលជោគជ័យទាំងអស់ត្រូវតែដើរឆ្លងកាត់សាលា មហាវិទ្យាល័យទាំងអស់គ្រប់ដំណាក់កាលនោះទេ។ តែកុំច្រឡំឲ្យសោះថា បុគ្គលជោគជ័យទាំងនោះបោះបង់ការសិក្សាឲ្យសោះ ពោលគឺពួកគេតែងធ្វើការអភិវឌ្ឍខ្លួនឯងជាប្រចាំ គ្រាន់តែមិនបានទៅអភិវឌ្ឍខ្លូននៅក្នុងថ្នាក់រៀនតែប៉ុណ្ណោះ។ ពួកគេមិនដែលបោះបង់ការអភិវឌ្ឍចំណេះដឹងខ្លួនឯងនោះឡើយ ពួកគេតែងធ្វើការអភិវឌ្ឍ ខ្លួនតាមរយៈការអាន ស្ដាប់ រៀនពីបទពិសោធន៍បុគ្គលជោគជ័យ និងមិនដែលមានគំនិតថាបោះបង់ច្រើនដង រហូតក្លាយជាឧបសគ្គក្នុងការសម្រេចភាពជោគជ័យឡើយ ៕