

ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ការអនុវត្តអនុក្រឹត្យ គឺផ្តោតតែលើបទល្មើសចរាចរណ៍ដែលបង្កគ្រោះថ្នាក់ខ្ពស់ ដែលក្នុងនោះមានម៉ូតូ ៧បទល្មើស និងរថយន្ត ៩បទល្មើសប៉ុណ្ណោះ ។ នគរបាលចរាចរណ៍ នឹងមិនមានការឃាត់រថយន្តដែលបើកបរគោរពច្បាប់ តាមដងផ្លូវនោះទេ គឺឃាត់តែរថយន្តដែលមិនគោរពច្បាប់។
តាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បាននិយាយថា៖ ការអនុវត្តអនុក្រឹត្យ ចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ គឺផ្តោតតែលើបទល្មើសចរាចរណ៍ដែលបង្កគ្រោះថ្នាក់ខ្ពស់ ដែលក្នុងនោះមានម៉ូតូ៧បទល្មើស និងរថយន្ត៩បទល្មើសប៉ុណ្ណោះ ហើយនគរបាលចរាចរណ៍ នឹងមិនមានការឃាត់រថយន្តដែលបើកបរគោរពច្បាប់ តាមដងផ្លូវនោះទេ គឺឃាត់តែរថយន្តដែលមិនគោរពច្បាប់។
បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងត្រួតពិនិត្យមុនគេនេះរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព ទី២៖ ស្រវឹង ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា ទី៤៖ ល្មើសការបត់ និងវ៉ាជែង ទី៥៖ ដឹកលើចំណុះ ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។ ដោយឡែកបទល្មើសរថយន្តទាំង៩ ក្នុងចំណោម៤១ ដែលត្រួតពិនិត្យមុនគេ គឺទី១៖ ល្បឿន ទី២៖ ស្រវឹង ទី៣៖ គ្មានបណ្ណបើកបរ ទី៤៖ មិនគោរពភ្លើងសញ្ញា ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់ ទី៧៖ ដឹកលើសចំណុះ ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង ។
តាមការបញ្ជាក់ដដែរ សម្រាប់ការបើកបរយានយន្ត ត្រូវតែយកច្បាប់ដើមបណ្ណបើកបរតាមខ្លួនជានិច្ច ហើយអ្នកធ្វើអាជីវកម្ម ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ក្រៅពីនោះឯកសារផ្សេងទៀត អាចប្រើប្រាស់ឯកសារចម្លងបាន ៕