

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ចំណាយលុយជិត៤០លានដុល្លារអាមេរិក ក្នុងការសាងសង់អគារលំដាប់ស្តង់ដាអន្តរជាតិ សម្រាប់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីបណ្ដុះធនធានមនុស្ស លើជំនាញ ហិរញ្ញវត្ថុ និងធនាគារ។
គួរបញ្ជាក់ផងដែលថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ប្រព្រឹត្តឡើងនៅភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ លោក ជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃ កម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិត យ៉ាងច្រើនកុះករ ។
ការវិនិយោគរបស់ ធនាគារ អេស៊ីលីដាគឺវិនិយោគលើទស្សនវិស័យ រយៈពេលវែង ពោលគឺ អេស៊ីលីដា ចង់ផ្ទេរនូវចំណេះដឹង បទពិសោធន៍ដែលខ្លួន ធ្វើបានជោគជ័យយកមក ផ្ដល់ឲ្យក្មេងជំនាន់ក្រោយ។ អេស៊ីលីដាចង់ធ្វើការវិនិយោគផ្ទេរចំណេះដឹងផ្នែកធនាគារ និងហិរញ្ញវត្ថុ ដើម្បីកម្ពុជាមានធនធានផ្នែកហិរញ្ញវត្ថុនិងធនាគារប្រកបដោយវិជ្ជាជីវៈ។
អគារទាំងនេះសង់លើផ្ទៃដីទំហំ ៧៥.៧៥០ម២ ដែលរួមមាន អគារសិក្សា ២កម្ពស់ ៥ជាន់ មានបន្ទប់រៀន ចំនួន ៨បន្ទប់ ដែលអាចទទួលនិសិ្សតបានពី ៦.០០០ ដល់ ៧.០០០នាក់ (សរុប៣វេនសិក្សា) អគាររដ្ឋបាល១ កម្ពស់៣ជាន់ ដែលនៅក្នុងអគារនោះមានអាហារដ្ឋាន ១កន្លែង បណ្ណាល័យ១ កម្ពស់៣ជាន់ អន្តេវាសិកដ្ឋាន១ កម្ពស់៤ជាន់ មាន ៤៧បន្ទប់ ដែលអាចទទួលនិស្សិតស្នាក់នៅសរុបចំនួន ១៣៧នាក់ ទីធ្លាសម្រាប់ចតយានយន្តធំទូលាយ ទីលានបាល់ទាត់ ទំហំ ៨.០៨៨ម២ បាល់បោះ និងបាល់ទះ ទំហំ ១.៤៣៨ម២ ដែលមានទីតាំងស្ថិតនៅអគារលេខ១៣៩៧ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គួរជម្រាបផងដែរថា បច្ចុប្បន្ន វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា កំពុងផ្ដល់នូវសេវាអប់រំ ដល់និស្សិត ជាង ៥០០នាក់ ក្នុងកម្រិត ថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់បរិញ្ញាបត្រ លើជំនាញ ហិរញ្ញវត្ថុ និងធនាគារ ប្រកបដោយវិជ្ជាជីវៈ និងគុណភាពគួរឲ្យជឿទុកចិត្ត៕