

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដំណឹងលើទំព័រហ្វេសប៊ុកថា កម្ពុជា ចាប់ផ្តើមមានដំណក់ប្រេងរបស់ខ្លួនជាលើកដំបូងហើយ។ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឲ្យយកដំណក់ប្រេងនេះ ទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ ដើម្បីទុកជាប្រវត្តិសាស្រ្ត។
ប្រមុខរដ្ឋាភិបាល ចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ ថាជាពរជ័យសម្រាប់កម្ពុជា និងជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតសមត្ថភាពជាតិ ខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និង ថាមពលនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល មើលឃើញថា ផលប្រយោជន៍សំខាន់ៗ រួមមាន ចំណូលថវិកាជាតិ និង ផលសេដ្ឋកិច្ច ដែលទទួលបានពីខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាតនេះជាដើម។
ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកធ្វើការជាមន្រ្តីរាជការ បង្ហាញការរីករាយ ពេលទទួលដំណឹងថា កម្ពុជា ចាប់ផ្តើមបូមប្រេងខ្លួនឯង ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ តទៅ ៕