

តាមការចុះផ្សាយ BBC នេះ បើយោងតាមការព្រមានរបស់អ្នកជំនាញផ្នែកសុខាភិបាល វីរុសកូវីដ១៩ បង្កវិនាសកម្មធ្វើឲ្យជនជាតិដើមភាគតិច នៅតំបន់ព្រៃអាម៉ាហ្សូន បាត់ខ្លួនពីលើលោកនេះ ដោយសហគមន៍ជនជាតិដើមភាគតិចនៅតំបន់ព្រៃអាម៉ាហ្សូន និងកន្លែងផ្សេងទៀតនៅប្រទេសប្រេស៊ីល កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារការឆ្លងវីរុសកូវីដ១៩ ។
រាប់រយទស្សវតមកហើយ ជនជាតិដើមស្ទើរតែបាត់ខ្លួននៅតំបន់ព្រៃអាម៉ាហ្សូនដោយសារជំងឺផ្លូវដង្ហើម ដែលវិវត្តចេញពីវីរុសផ្តាសាយ ដែលជាហេតុចម្បងនៃការស្លាប់របស់ជនជាតិដើម។ វេជ្ជបណ្ឌិតផ្នែកស្រាវជ្រាវ Sofia Mendonça មកពីសាកលវិទ្យាល័យ Federal University of São Paulo បាននិយាយថា “ការប្រឈមដ៏គ្រោះថ្នាក់មួយនេះ ចំពោះការរីករាលដាលនៃវីរុសនៅទូទាំងសហគមន៍ជនជាតិដើមភាគតិច អាចសម្លាប់ពួកគេបាន ដោយសារការឆ្លងវីរុសកូវីដ១៩”។
គិតត្រឹមថ្ងៃអាទិត្យ ទី៥ ខែមេសា ប្រទេសប្រេស៊ីលបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ១១ ០០០ករណី និងមានអ្នកស្លាប់រហូតដល់ទៅ ៤៨៦នាក់ឯណោះ។ ជំងឺនេះបានផ្ទុះឡើងដំបូង នៅរដ្ឋ São Paulo ហើយបន្ទាប់មកក៏រីករាលដាលទូទាំងប្រទេស រួមទាំងតំបន់ជនជាតិដើមនៅក្នុងព្រៃអាម៉ាហ្សូនផងដែរ។ ករណីជនជាតិដើមភាគតិចប្រេស៊ីលឆ្លងជំងឺកូវីដ១៩ ដំបូងគេបង្អស់ គឺនៅក្នុងរដ្ឋ Amazonas ៕