

នំបញ្ចុកមានដើមកំណើតនៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប)ក្នុងប្រទេសកម្ពុជា ដោយមានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ដោយសារអង្ករនោះ រឹងពេកដាំបាយហូបមិនសូវឆ្ងាញ់ អ្នកស្រែពីរនាក់ប្តីប្រពន្ក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលហូប ដោយយកអង្ករស្រូវនេះ ធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ។
នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។
បន្ទាប់មក គេហៅកាត់ៗថា នំបញ្ចុកមិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។
របៀបធ្វើនំបញ្ចុក
ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
ដំណាក់កាលទី២: បន្ទាប់មកគេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។
ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។
(ប្រភពពី: អ្នកស្រី កែវ ច័ន្ទបូរណ៍)