

វិថីដ៏សំខាន់មួយ ក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ត្រូវបានប្រារព្ធពិធីសម្ពោធ ដែលមានឈ្មោះ “ King Norodom Sihanouk Road “ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាការទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដេស ខណៈវិថីដែលឈ្មោះថា«Bangabandhu Sheikh Mujibur Rahman Road» ក៏នឹងត្រូវសម្ពោធនៅរាជធានីភ្នំពេញ នាខែមេសា ខាងមុខនេះផងដែរ។
លោក Md Tajul Islam រដ្ឋមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន អភិវឌ្ឍន៍ជនបទ និងកិច្ចសហប្រតិបត្តិការ (LGRAD) ជាអ្នកដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវថ្មី «King Norodom Sihanouk Road» មួយនេះនៅក្រុងដាក្កា ក្រោមការរៀបចំរបស់ Dhaka North City Corporation (DNCC)។
យោងតាម Dhaka Tribune កិច្ចព្រមព្រៀងប្រសិទ្ធនាមឈ្មោះផ្លូវ «King Norodom Sihanouk Road» និង «Bangabandhu Sheikh Mujibur Rahman Road» ត្រូវបានផ្តួចផ្តើមឡើងនាអំឡុងនៃទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina នៅកម្ពុជា កាលពីឆ្នាំ២០០១៕