

វប្បធម៌ គឺមានន័យច្រើនបែបយ៉ាងដែលឋិតនៅលើទស្សនៈនិយមផ្សេងៗគ្នា។ តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ពាក្យ “វប្បធម៌”
ចេញមកពីបន្សំ វប្ប + ធម៌ មានន័យថា ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម ។ «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ជាឃ្លាដែលបុព្វបុរសខ្មែរយើង ចង់បង្ហាញពីតម្លៃរបស់វប្បធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ ជាស្ថានភាពជាក់ស្តែងគេសង្កេតឃើញថា យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ ចាប់ផ្តើមមានការចាប់អារម្មណ៍លើស្ថានការណ៍នានាដែលពាក់ព័ន្ធនឹងបញ្ហាវប្បធម៌ហើយ តែសកម្មភាពទាំងអស់នោះហាក់មានភាពសកម្មបានតែក្នុងត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
នៅក្នុងកម្មវិធី Sharing of Smile ដែលបង្កើតទ្បើងដោយ JCI ,លោក ហង់ ភូមិរ៉ា ដែលជាគ្រូបង្ហាត់ល្ខោនខោន បានលើកទ្បើងថា មានយុវជនមួយចំនួនធំមិនទាន់ស្គាល់ច្បាស់ពីគ្រឹះនៃវប្បធម៌ខ្លួនឯង មិនទាន់ស្គាល់ពីទំរង់ លក្ខណៈពិសេស និងចំណុចលម្អិតនៃទម្រង់សិល្បៈ ក៏ដូចជាផ្នែកសំខាន់ផ្សេងៗទៀតនៃវប្បធម៌ខ្មែរនៅឡើយទេ ដែលជាហេតុធ្វើឱ្យពួកគេធ្វើសកម្មភាពដើម្បីវប្បធម៌តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ការគាំទ្រវប្បធម៌ជាតិខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ជាជាងការផ្អើលតាមស្ថានការណ៍ដែលកើតមានឡើង ដូចជាការឃើញបណ្តាប្រទេសនានាដាក់ទម្រង់សិល្បៈដែលស្រដៀងខ្មែរចូលក្នុងបេតិកភណ្ឌពិភពលោក យើងមានការភ្ញាក់ផ្អើលតាម ចាប់ផ្តើមរិះគន់ ចាប់ផ្តើមស្រលាញ់សិល្បះខ្លួនឯង តែយើងមិនព្រមស្វែងយល់ពីចំណុចលម្អិតនៃទម្រង់សិល្បៈខ្លួនឯងសោះទ្បើយ ដែលធ្វើឲ្យគ្រាំទ្រស្រលាញ់បានតែមួយរយៈខ្លី រហូតមកដល់ពេលនេះ ៕