

រដ្ឋាភិបាលម៉ាឡេស៊ី នៅតែប្រកាសថាសារជាថ្មីថា អ្នកដំណើរជនជាតិអាមេរិកម្នាក់ដែលចាកចេញពីនាវា Westerdam នោះ ត្រូវបានធ្វើតេស្ត និងរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រសួងសុខាភិបាលកម្ពុជា បានទាមទារទៅក្រសួងសុខាភិបាលម៉ាឡេស៊ីឱ្យត្រួតពិនិត្យលើករណីនេះឡើងវិញ ។ ស្ត្រីជនជាតិអាមេរិកម្នាក់មានវ័យ ៨៣ឆ្នាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីប្រកាសកាលពីថ្ងៃម្សិលមិញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី បន្ទាប់ពីត្រូវរូបនោះ ចាកចេញពីនាវា Westerdam ដែលបាន និងកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ។
អត្ថបទទាក់ទង៖ កម្ពុជាអនុញ្ញាតឲ្យនាវាទេសចរណ៍ធំមួយ ចូលចតនៅកំពង់ផែនព្រះសីហនុ ខណៈប្រទេសចំនួន៥ បដិសេធ ខ្លាចឆ្លងវីរុសកូរ៉ូណា
អត្ថបទទាក់ទង៖អ្នកទេសចរណ៍នៅក្នុងនាវាខ្នាតយក្ស Westerdam ត្រៀមចេញទៅប្រទេសកំណើតតាមជើងយន្តហោះវិញ
យោងតាមសារព័ត៌មាន The Malaysia Insight បានដកស្រង់សម្ដីរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី អ្នកស្រីវេជ្ជបណ្ឌិត Wan Azizah Wan Ismail ដែលថ្លែងនៅរសៀលថ្ងៃនេះថា ស្ត្រីជនជាតិអាមេរិករូបនេះ មានផ្ទុកវីរុសកូរ៉ូណា និងថ្លែងការពារដំណើរការត្រួតពិនិត្យរបស់អាជ្ញាធរម៉ាឡេស៊ីថា ត្រូវបានធ្វើឡើងតាមស្តង់ដារកម្រិតពិភពលោក។ ក្រោយពីបានបញ្ជាក់សារជាថ្មីរួចហើយ រដ្ឋាភិបាលម៉ាឡេស៊ី បានចេញបំរាមហាមឃាត់អ្នកដំណើរដែលចេញពីនាវា Westerdam ទៅកាន់ប្រទេសម៉ាឡេស៊ី ។
នាវា Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន ៥ មានជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ។ ក្រុមហ៊ុន Holland America Line បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អ្នកដំណើរ និងបុគ្គលិកទាំងអស់សរុប ២ ២៥៧នាក់ ដែលស្ថិតនៅលើនាវាមួយនេះ ត្រូវបានវាស់កម្ដៅកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយគ្មាននរណាម្នាក់ត្រូវបានរកឃើញថា មានកម្ដៅខុសប្រក្រតីនោះឡើយ ៕
ដកស្រង់ពី VOA