

បើតាមសេចក្តីប្រកាសរបស់ក្រសួងដែលចេញពីម្សិលមិញនេះ កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអឺនធឺណិតនៅគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អឺនធឺណិតប្រចាំថ្ងៃ។
ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាអឺនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយ មិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះជាភស្តុតាងសម្រាប់រាយការណ៍មកនិយ័តករ ទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អីមែល qos@trc.gov.kh ដើម្បីប្តឹងតវ៉ា (Complaint) និងស្វែងរកដំណោះស្រាយ។
ក្រសួងជំរុញឲ្យសាធារណជន អាចទាញយកកម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “ MPTC Speed Test” លើ App Store និង Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច៕