

មិនថាអ្នកណាក៏ដោយ គឺតែងតែចង់ធ្វើអ្វីដែលខ្លួនចូលចិត្ត ហើយចង់ក្លាយជាមនុស្សជោគជ័យម្នាក់មិនថាគាត់បានជ្រើសរើសវិថីជីវិតមួយណាទេ ជាពិសេសគឺយុវជនយើងហ្នឹងតែម្ដង អ្នកខ្លះដែលមិនទាន់មានគោលដៅជីវិតហើយ ក៏ខំប្រឹងប្រែងស្វែងរកបន្ដទៀត។ ចំណែកឯអ្នកខ្លះទៀត ដឹងថាខ្លួនចង់ធ្វើអ្វីនៅថ្ងៃអនាគតហើយៗ ក៏ប៉ុន្ដែបើសួរថាតើត្រូវធ្វើអ្វីខ្លះដើម្បីជំនួយក្នុងការឈានជើងទៅកាន់ទីជោគជ័យមួយ ក៏មិនទាន់ដឹងច្បាស់ណាស់ដែរ!
ខាងក្រោមនេះសុទ្ធតែជាដំបូន្មានសម្រាប់យុវជនបច្ចុប្បន្នដើម្បីក្លាយជាអ្នកមាន និងជោគជ័យផ្សេងៗក្នុងជីវិត៖
1.ជោគជ័យបានបានមកពីការរៀននិងចំណេះធ្វើ៖
យុវជនតែងតែខ្លាចថាបើខ្លួនមានតែជំនាញមួយ នឹងមិនអាចរកការងារធ្វើ និងរកលុយបានច្រើន ទើបគ្នាយើងជាច្រើនតែងចាប់យកជំនាញពីរទៅបីនៅសាកលវិទ្យាល័យដទៃទៀតដើម្បីជាកង់សាកួរ ក៏ត្រូវចំណាយពេលទៅរៀនទាំងយប់ទាំងថ្ងៃ។ តែវិធីល្អ គឺយើងគួររៀនជំនាញអ្វីក៏ដោយ ដែលយើងពិតជាស្រលាញ់ចូលចិត្ត និងយកពេលទំនេរទៅធ្វើការងាស័្មគ្រចិត្ត រឺបំពេញការងារក្រៅម៉ោង ដែលទាក់ទងនឹងជំនាញដែលយើងកំពុងរៀនទៅវិញទេ ដើម្បីឲ្យសមត្ថភាពទាំងការយល់ដឹង និងការបំពេញការងាររបស់យើងខ្លាំងក្លាទៅៗទៅថ្ងៃមុខ!
2. ជោគជ័យដោយជំនះឧបសគ្គ
អ្នកគ្រប់គ្នាកើតមកមិនមែនសុទ្ធតែល្អអស្ចារ្យ និងមានអ្វីៗគ្រប់បែបយ៉ាងល្អគ្រប់ដប់នោះទេ អ្នកខ្លះក៏មានជីវិតសប្បាយរីករាយ អ្នកខ្លះលុយចាយមិនខ្វះ អ្នកខ្លះក៏រៀនបានខ្ពង់ខ្ពស់ អ្នកខ្លះធ្លាប់ក្រ អ្នកខ្លះខ្ចីលុយគេ គ្មានផ្ទះសម្បែងនៅ និង អ្នកខ្លះក៏ជួបបញ្ហាតូចធំតាមបុគ្គលរៀងខ្លួនអញ្ចឹងទៅ។ ដោយហេតុនេះហើយ យើងមិនគួរចំណាយពេលច្រើនពេកដើម្បីទៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនោះទេ។ គ្រួសារនិងប្រទេសមួយណាក៏នៅតែគេចមិនផុតពីទុក្ខវេទនាដូចតែគ្នាហ្នឹង ព្រោះជីវិតតែងឡើងចុះជារឿងធម្មតា ដូចនេះមិនថាអ្នកជួបរឿងលំបាកបែបណាក៏ដោយ ពេលរាសីអ្នកធ្លាក់ចុះក៏មិនត្រូវនៅរ៉ាំរ៉ៃគឺត្រូវងើបឡើងម្ដងទៀត តែពេលរាសីអ្នកឡើងក៏មិនត្រូវមានអំនួតខ្ពស់ពេកនោះទេ គួរតែបន្តព្យាយាមតស៊ូដើរទៅមុខបន្ថែមទៀតទើបជាការប្រសើរ។
3. ជោគជ័យដោយឈ្នះខ្លួនឯង ៖
យើងមិនគួររស់នៅក្នុងប្រអប់បិទជិតមួយ ស្រែកមិនលឺ ធ្វើអ្វីមិនលះ ហើយខ្លាចគេមិនហ៊ានធ្វើ មិនហ៊ាននិយាយ ដូចនេះយើងត្រូវព្យាយាមបើកចិត្តក្នុងការមើលពិភពខាងក្រៅក្នុងផ្លូវវិជ្ជមាន ហើយក៏ដូចជាព្យាយាមក្រេបយកចំណេះដឹងអោយបានក្បោះក្បាយ និងជាក់លាក់ដាក់ក្នុងខ្លួន ក៏ដូចជាត្រូវមានភាពក្លាហាន ស្វាហាប់ ម៉ត់ចត់ និងមានម្ចាស់ការក្នុងការនិយាយ ក៏ដូចជាធ្វើកិច្ចការអ្វីមួយទើបយើងអាចតំណាងអោយក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូលបាន។
4. ជោគជ័យដោយក្រេបចំណេះដឹងផ្សេងៗបន្ថែម
លោក ម៉េងលី ក៏បានណែនាំនូវវិធីសាស្រ្ដទាំងនេះសម្រាប់យុវជនធ្វើនៅពេលទំនេរ៖
-មើលកម្មវិធីទូរទស្សន៍៖ BBC NEWS និង CNN
-អានកាសែត៖ ភ្នំពេញប៉ុស្ដិ៍ KHMER TIMES និង The Economist
-អានសៀវភៅ៖ រឿងប្រលោមលោក រឿងនិទាន រឿងពិតចេញពីសង្គមបច្ចុប្បន្ន រឿងប្រវត្តិចាស់ៗរបស់បុគ្គលជោគជ័យ -ល-
ជាការពិតណាស់ថា ជីវិតមួយនេះ និងដង្ហើមរាល់ថ្ងៃនេះជារបស់អ្នក ហើយអ្នកគិតថាចង់ធ្វើអ្វីក៏បានដែ រមិនមាននរណាឃាត់ឃាំងឡើយ តែក៏មិនត្រូវបណ្ដែតបណ្ដោយជីវិតរបស់អ្នកតាមយថាកម្ម ដោយមិនប្រឹងប្រែងរកផ្លូវដើរត្រឹមត្រូវផងដែរ ព្រោះអ្នកនឹងមានទុក្ខមិនសុខចិត្តមុននិងក្រោយនោះឯង។ ដូចនេះក៏ត្រូវវិធីចេះគ្រប់គ្រងជីវិតរបស់ខ្លួនអោយមានតំលៃ និងធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងផងនិងសង្គមផង ដោយចាប់ផ្តើមពីការអានដំបូន្មានទាំងនេះពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួចម៉េងលី នោះឯង៕
ដកស្រង់ពី ៖ wapatoa