

នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងនៅក្នុងវិមានសន្តិភាពថា រដ្ឋាភិបាលនឹងសម្រេចមិនយកពន្ធប្រចាំខែពីសណ្ឋាគារ និងផ្ទះសំណាក់ស្ថិតនៅក្នុងខេត្តសៀមរាប រយៈពេល ៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ដើម្បីជួយដល់អាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារ ដែលរងផលប៉ះពាល់ដោយសារតែការបាត់ភ្ញៀវមកស្នាក់នៅក្នុងរយៈពេលកន្លងមកនេះ ព្រោះតែបញ្ហាជំងឺវីរុសកូរ៉ូណា ( COVID -19) ។
ក្នុងសេចក្តីថ្លែងការណ៍នេះនៅក្នុងវិមានសន្តិភាព ក្នុងប្រធានបទស្តីអំពី វិធានការមួយចំនួនដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារតែជំងឺ COVID -19 រដ្ឋាភិបាលនឹងលើកលែងការបង់ពន្ធប្រចាំខែដល់ សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តសៀមរាប ក្នុងបញ្ជីអគ្គនាយពន្ធដារទាំងអស់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ៕