

ក្រោយពីប៉ុន្មានខែក្រោយរដ្ឋាភិបាលសម្រេចលុបបំបាត់កាស៊ីណូ Online មួយចំនួនធំ ដោយអនុវត្តតាមសារាចរណែរនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ២០៧ ស.រ.ណ.ន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ មិនអនុញ្ញាតឱ្យមានល្បែងអនឡាញនៅព្រះរាជាណា ចក្រកម្ពុជា គិតត្រឹមម៉ោង០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវត្រៀមសហការដើម្បីត្រួតពិនិត្យតាមដាននូវរាល់កាស៊ីណូទាំងឡាយណាដែលនៅតែបន្តបើកឱ្យលេងល្បែងអនឡាញទៀតនោះត្រូវអនុវត្តតាមផ្លូវច្បាប់ដោយមិនមានការលើកលែង។
បន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិនរាប់ម៉ឺននាក់ បានចាកចេញពីកម្ពុជា។ បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា មានជនជាតិចិនយ៉ាងហោចណាស់ ជិត ១២ ម៉ឺននាក់ហើយ បានចាកចេញពីកម្ពុជាគិតដល់ត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ ធ្វើឲ្យជនជាតិចិនដែលមករកស៊ីនៅស្រុកខ្មែរ ជាពិសេសខេត្តព្រះសីហនុបានសម្រុកចេញយ៉ាងច្រើន ដែលបញ្ហានេះបានជះឥទ្ធិពលអាក្រក់ដល់អ្នកជួលផ្ទះ និងរថយន្តឲ្យចិនមានការខាតបង់យ៉ាងច្រើន ជាពិសេសអ្នកដែលខ្ចីលុយធានាគារចងការ ដើម្បីយកលុយសាងសង់ផ្ទះ អាគារ និងទិញរថយន្តយកមកជួលឲ្យចិន ។ ប្រជាពលរដ្ឋខ្មែរដែលរកស៊ីជាមួយជនជាតិចិន អ្នកខ្លះចំណេញ សល់លុយទុករកស៊ី រីឯអ្នកខ្លះខាត ឬជាប់បំណុលធានាគារ ។ ទោះជាយ៉ាងណាតម្លៃអចលទ្រព្យនៅទីនោះ នៅតែរក្សាស្ថានភាពដដែល ទោះបីស្ងាប់ស្ងាត់នៅពេលចិនសម្រុកចាកចេញក៏ដោយ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ វិនិយោគិន និងទេសចរចិននៅក្នុងប្រទេសកម្ពុជា បានឈរលំដាប់ទីមួយ និងនៅរក្សាបានលំដាប់ទី១ដដែល គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈរដ្ឋាភិបាលបានប្រកាសស្វាគមន៍គ្រប់វិនិយោគិនមកពី គ្រប់ទិសទីលើពិភពលោក ដើម្បីចូលមកបណ្ដាក់ទុនវិនិយោគ ទៅលើវិស័យនានាតាមជំនាញ ៕