

ដោយសារសព្វថ្ងៃប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធ្វើសេដ្ឋកិច្ចកម្ពុជាកំពុងឈានឆ្ពោះទៅមុខយ៉ាងលឿន ដែលធ្វើឲ្យគម្រោងដីឡូតិ៍ ខុនដូ និងផ្ទះបានរីកដុះដាលយ៉ាងខ្លាំង ចាប់ពីតំបន់ជាយក្រុង តំបន់ក្បែរតំបន់ទីប្រជុំជន និងតាមបណ្តោយផ្លូវជាតិសំខាន់ៗជាដើម ។ ប៉ុន្តែសម្រាប់អ្នកដែលចង់ស្វែងរកទិញផ្ទះជាលើកដំបូង ជាពិសេសក្នុងគំរោងបុរីជាដើម អ្នកក៏ត្រូវពិនិត្យឲ្យបានច្បាស់ផងដែរលើប៉ុន្មានចំនុចនេះ ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ នូវពត៌មានក្លែងក្លាយដូចជាទីតាំងគម្រោងជិតតំបន់អភិវឌ្ឍន៍ គម្រោងផ្លូវ រោងចក្រ ដែលធ្វើឱ្យអ្នកទិញមិនបានស្វែងរកពត៌មានពិតប្រាកដ ឆាប់ជឿទិញបានយ៉ាងងាយ ។
ដើម្បីជាគន្លឹះ និងចែករំលែងចំណេះដឹងខ្លះៗសម្រាប់អ្នកទាំងអស់គ្នាក្នុងការសម្រេចចិត្តឱ្យបានល្អក្នុងការទិញផ្ទះ លោកស្រី បាន សម្រស់ ដែលជាទីបឹក្សា និងជាជំនួយការផ្ទាល់របស់អគ្គនាយក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យមួយក្នុងប្រទេសកម្ពុជា បានផ្តល់បទសម្ភាសន៍ខ្លីមួយ ដល់ខេមបូដេលីថា “អ្នកដែលចង់ទិញផ្ទះ អាចមើលលើ ៥ចំណុចនេះ ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ” ៖
១. មើលទីតាំង
កត្តាទីតាំងពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅដែលមានសុវត្ថិភាព និងងាយដាក់លក់បន្តដើម្បីបានចំណេញ ។ វាគឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ និងមានការអភិវឌ្ឍន៍លឿន ។ ទោះជាយ៉ាងណា ក៏មានតំបន់មួយចំនួន អាចមិនមែនជាតំបន់សម្រាប់រស់នៅ ដែលជាកន្លែងដែលមានភាពមមាញឹកខ្លាំងទាំងការផលិត និងការដឹកជញ្ជូនដែលធ្វើឲ្យតំបន់នោះសំបូរដោយផ្សែងពុល និងមានសំលេងរំខានជាដើម។
២. មើលគុណភាពសាងសង់
គុណភាពសំណង់ គឺជាបញ្ហាចម្បងមួយដែលអ្នកទិញ គួរតែប្រយ័ត្នប្រយែង ដែលអាចប៉ះពាល់ដល់សុវត្ថិភាពរស់នៅរបស់អ្នក និងប៉ះពាល់ដល់ការដាក់លក់បន្ត។ អ្នកគួរតែទៅមើលផ្ទះដែលគេកំពុងសាងសង់ ឬសាកសួរពត៌មានអំពីភាពរឹងមាំគុណភាពសំណង់របស់ផ្ទះ ជៀសវាងការលិចជ្រាប ប្រេះបែក…។ ម៉្យាងទៀតក្រៅពីនេះ រឿងបន្ទាប់គឺ មើលទៅលើផ្លូវចូល ប្រព័ន្ធភ្លើង ទឹក លូ និងការទុកដាក់សំរាមជាដើម ដែលសុទ្ធតែជារឿងចាំបាច់ក្នុងការរស់នៅមានផាកសុខភាព ។
៣. ពិនិត្យមើលម៉ូឌ ឬគំរូផ្ទះ
ម៉ូឌផ្ទះគឺជារឿងដែលសំខាន់ផងដែរ សម្រាប់ការរស់បែបស៊ីវិល័យនៅសម័យថ្មីនេះ ព្រោះបើម៉ូដផ្ទះមើលទៅស្អាតទាន់សម័យ ការរចនាខាងក្នុងទំនើបមានភាពទូលាយល្អ ព្រមទាំងមានកម្ពស់ខ្ពស់ស្រឡះ វាផ្តល់ភាពងាយស្រួលក្នុងការរស់នៅមានផាកសុខភាព និងជាពិសេសអាចដាក់លក់ ឬដាក់ជួសបន្តចេញបានលឿននៅពេលខាងមុខទៀត ។
៤. សាកសួរផែនការអភិវឌ្ឍន៍របស់ម្ចាស់គម្រោង
អ្នកត្រូវសាកសួរ ផែនការអភិវឌ្ឍន៍ ពីភាពច្បាស់លាស់របស់គម្រោងនីមួយៗ ថានឹងត្រូវធ្វើអ្វីបន្តទៀត ឬក្រោយបានបញ្ចប់គម្រាប់ទី១ ទី២…ជាដើម ដើម្បីក្លាយជាតំបន់អភិវឌ្ឍន៍ និងទាក់ទាញមនុស្សចូលមក រស់ នៅច្រើន។ គម្រោងទាំងនេះអាចមានដូចជា៖ ផ្សារ សួនច្បារ កន្លែងហាត់ប្រាណ ភ្លើងទឹកសាធារណៈ និងកន្លែងផ្សេងៗទៀតជាដើម ដែលជម្រុញសក្តានុពលទាក់ទាញមនុស្សឲ្យចូលមករស់នៅ ។
៥. ត្រួតពិនិត្យពីភាពស្របច្បាប់សាងសង់ ឬលិខិតអនុញ្ញាតិសាងសង់
អ្នកគួរដឹងពីប្រវត្តិ ឬគម្រោងធ្លាប់ធ្វើពីមុនមួយចំនួនរបស់ក្រុមហ៊ុននោះ និងសាកសួរអាជ្ញាធរមូលដ្ឋាន ឬម្ចាស់គំរោងលំនៅដ្ឋាន ដើម្បីត្រួតពិនិត្យភាពស្របច្បាប់របស់គម្រោង ។
លោកស្រីក៏បានបញ្ជាក់ផងដែរថា “រាល់ចំណេះដឹងទាំងអស់នេះគឺជា បទពិសោធន៍ដែលអ្នកទិញបានជួបប្រទះ និងចំនុចមួយចំនួន ជាការចែករំលែងចំណេះដឹងខ្លះៗ ក្នុងការការសំរេចចិត្តមុនទិញផ្ទះ” ។ លោកស្រីបានបន្ថែមទៀតថា “ការទិញអចលទ្រព្យសុទ្ធតែមានក្បួនច្បាប់ត្រឹមត្រូវជាពិសេសការទិញផ្ទះ បើលោកអ្នកចង់បានចំណេញនៅពេលក្រោយត្រូវស្វែងយល់ និងតាមដានពត៍មានអចលនទ្រព្យនានា ឬអ្នកជំនាញផ្សេងៗក្នុងវិស័យនេះ ដើម្បីជាគន្លឺះនៅពេលក្រោយ ” ៕